សាវតារនៃការបង្កើត
ក្រសួងរៀបចំដែនដី
នគរូបនីយកម្ម និងសំណង់
ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងរៀបចំដែនដី
នគរូបនីយកម្ម និងសំណង់ ត្រូវបានបង្កើតឡើងនៅចុងឆ្នាំ១៩៩៨ តាមព្រះរាជក្រឹត្យលេខ នស/១១៩៨/៧២ ចុះថ្ងៃទី៣០ ខែវិច្ឆិកា
ឆ្នាំ១៩៩៨។ នៅក្នុងនីតិកាលទី២នៃរដ្ឋសភា ច្បាប់ស្ដីពីការបង្កើតក្រសួងរៀបចំដែនដី
នគរូបនីយកម្ម និងសំណង់ ត្រូវបានចូលជាធរមានតាមព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៩ ចុះថ្ងៃទី២៣ ខែមិថុនា
ឆ្នាំ១៩៩៩។ ក្រសួងមានបេសកកម្មដឹកនាំនិងគ្រប់គ្រងលើការងាររៀបចំដែនដី នគរូបនីយកម្ម សំណង់ សុរិយោដី និងភូមិសាស្ដ្រនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងសម័យមុនៗ វិស័យទាំងអស់នេះស្ថិតនៅក្រោមចំណុះស្ថាប័នដោយឡែកពីគ្នា។
សម័យសង្គមរាស្ដ្រនិយមរហូតមកដល់មុនឆ្នាំ១៩៧៥
វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានគ្រប់គ្រងដោយនាយកដ្ឋាននគរូបនីយកម្ម
និងលំនៅឋាននៃក្រសួងសាធារណការ ហើយនៅតាមខេត្ត-ក្រុង កិច្ចការនេះ ត្រូវបានគ្រប់គ្រងដោយមន្ទីរសាធារណការខេត្ត-ក្រុង។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ មន្ទីររៀបចំក្រុង
ត្រូវបានបង្កើតនៅក្រុងភ្នំពេញ ហើយការិយាល័យសំណង់ ត្រូវបានបង្កើតនៅក្រុងភ្នំពេញនិងនៅតាមបណ្ដាខេត្ត
ដោយនៅខេត្តខ្លះត្រូវដាក់ឱ្យស្ថិតនៅក្រោមមន្ទីរផែនការ
និងនៅខេត្តខ្លះទៀត ការិយាល័យនេះស្ថិតនៅក្រោមមន្ទីរឧស្សាហកម្ម។ ទន្ទឹមនឹងនេះ
សហគ្រាសសំណង់មួយក៏ត្រូវបានបង្កើតឡើងស្ថិតនៅក្រោមក្រសួងឧស្សាហកម្ម
ដើម្បីសាងសង់សំណង់របស់រដ្ឋនៅទូទាំងប្រទេស
លើកលែងសំណង់របស់ក្រសួងពាណិជ្ជកម្ម មានក្រុមហ៊ុនស្ថាបនាមួយដោយឡែក។ ឆ្នាំ១៩៨៦ ដោយវិស័យសំណង់មានការរីកចម្រើន អគ្គនាយកដ្ឋានសំណង់
ត្រូវបានបង្កើតឡើងស្ថិតនៅចំណុះក្រុមប្រឹក្សារដ្ឋមន្ដ្រី
ដើម្បីគ្រប់គ្រងវិស័យ រៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ឆ្នាំ១៩៩៣ សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី១នៃរដ្ឋសភា
អគ្គនាយកដ្ឋាននេះស្ថិតនៅក្រោមក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយឯកឧត្តមរដ្ឋមន្រ្តី
អ៊ឹង គៀត ហើយឆ្នាំ ១៩៩៤ បន្ទាប់ពីមានច្បាប់ស្ដីពីការរៀបចំទឹកដី
នគរូបនីយកម្ម និងសំណង់ ត្រូវបានដឹកនាំនិងគ្រប់គ្រងដោយគណៈកម្មាធិការជាតិរៀបចំទឹកដី នគរូបនីយកម្ម
និងសំណង់ ក្រោមឱវាទទីស្ដីការ
គណៈរដ្ឋមន្ដ្រី ដឹកនាំដោយសហរដ្ឋមន្រ្តី ឯកឧត្តម វ៉េង សិរីវុឌ្ឍ និងសម្តេចវិបុលបញ្ញា
សុខ អាន។
ក្នុងវិស័យសុរិយោដី
នៅឆ្នាំ១៩០៨ ក្រុមសុរិយោដី និងឋានលេខា
ត្រូវបានបង្កើតស្ថិតនៅក្រោមទីស្ដីការគណៈរដ្ឋមន្ដ្រី។
នៅឆ្នាំ១៩២៥ នាយកដ្ឋានអភិរក្សភូមិបាល ត្រូវបានបង្កើតស្ថិតនៅក្រោមក្រសួងហិរញ្ញវត្ថុ។ ឆ្នាំ១៩៤៨-១៩៧៥ ក្រុមសុរិយោដី
និងការិយាល័យភូមិបាល ត្រូវបានបង្កើតឡើងស្ថិតនៅក្រោមក្រសួងកសិកម្ម។
ឆ្នាំ១៩៨៩-១៩៩៤ វិស័យនេះ ត្រូវបានបង្កើតជា
នាយកដ្ឋានសុរិយោដីស្ថិតនៅក្រោមក្រសួងកសិកម្ម
រុក្ខាប្រមាញ់
និងនេសាទ ដឹកនាំដោយ សម្តេចវិបុលសេនាភក្តី
សាយ ឈុំ (ឆ្នាំ ១៩៨៦-១៩៩០), ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត
ងួន ញ៉ិល (ឆ្នាំ ១៩៩០-១៩៩៣) និងសម្តេច
ចៅហ្វាវាំង គង់ សំអុល (ឆ្នាំ
១៩៩៣-១៩៩៤)
ហើយចាប់ពីឆ្នាំ១៩៩៤ ដល់ដើមឆ្នាំ១៩៩៩ នាយកដ្ឋានសុរិយោដី ត្រូវប្តូរទៅចំណុះទីស្ដីការគណៈរដ្ឋមន្ដ្រី
ដឹកនាំដោយ សម្តេចវិបុលបញ្ញា សុខ អាន។
ចំណែកវិស័យភូមិសាស្ដ្រវិញ
ពីឆ្នាំ១៩៩៥ ស្ថិតនៅចំណុះក្រសួងការពារជាតិ មានឈ្មោះថា
ក្រុមភូមិសាស្ដ្រកម្ពុជា
បន្ទាប់មកក្នុងរបប លន់ នល់ ប្តូរឈ្មោះជា ក្រុមភូមិសាស្ដ្រខ្មែរ
ពីឆ្នាំ១៩៨៥-១៩៩១ ជាការិយាល័យព្រំដែន
ចំណុះក្រុមប្រឹក្សារដ្ឋមន្ដ្រី
និងពីឆ្នាំ១៩៩១ ដល់ចុងឆ្នាំ១៩៩៨ ជានាយកដ្ឋានភូមិសាស្ដ្រ ចំណុះទីស្ដីការគណៈរដ្ឋមន្ដ្រី។
ដោយពិនិត្យឃើញសារៈសំខាន់និងចំណងទាក់ទងនៃវិស័យការងារខាងលើ
ដែលចល័តនៅក្រោមចំណុះស្ថាប័នច្រើនដោយឡែកៗពីគ្នា
ទើបរាជរដ្ឋាភិបាលកម្ពុជាសម្រេចបង្កើតក្រសួងរៀបចំដែនដី
នគរូបនីយកម្ម និងសំណង់ ដឹកនាំដោយ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត
អ៊ឹម ឈុនលឹម ដើម្បីប្រមូលផ្ដុំការងារទាំងអស់ខាងលើឱ្យមានស្ថិរភាព
និងស្ថិតនៅក្រោមស្ថាប័នតែមួយ។
នៅពេលចាប់ផ្ដើមដំណើរការក្រសួងដំបូង
ទីស្ដីការក្រសួងមានអគារធ្វើការនៅលើទីតាំងដី ៣កន្លែងដាច់ពីគ្នា រួមមាន៖
ទីតាំងទី១ ដីឡូតិ៍លេខ៧៧១-៧៧៣ មហាវិថីព្រះមុនីវង្ស សង្កាត់ បឹងត្របែក
ខណ្ឌចំការមន មានសំណង់អគារលំនៅឋាន ៣អគារ
និងសាលប្រជុំតូចមួយសម្រាប់ការងាររៀបចំដែនដី នគរូបនីយកម្ម និងសំណង់,
ទីតាំងទី២ នៅផ្ទះលេខ ៥៩-៦៣ ផ្លូវលេខ ១៦៣ សង្កាត់ទួលស្វាយព្រៃ
ខណ្ឌចំការមន មានអគារលំនៅឋាន២ អគារ
សម្រាប់ការងារសុរិយោដី និងទីតាំងទី៣នៅផ្ទះលេខ ៤
ផ្លូវកោះត្រល់ ខណ្ឌ ដូនពេញ មានសំណង់អគារលំនៅឋាន
១ អគារ សម្រាប់ការងារភូមិសាស្ដ្រ។ នៅចុងឆ្នាំ១៩៩៩ រាជរដ្ឋា- ភិបាលបានអនុញ្ញាតឱ្យសាងសង់អគារថ្មីមួយខ្នងនៅលើទីតាំងទី១
ដើម្បីប្រមូលផ្តុំមកធ្វើការរួមគ្នាតែមួយកន្លែង។
ចាប់ពីថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០១៦
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំដោយឯកឧត្តម ជា សុផារ៉ា
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
នៅឆ្នាំ២០១៩
រាជរដ្ឋាភិបាលសម្រេចឱ្យសាងសង់អគារទីស្តីការថ្មីរបស់ក្រសួងរៀបចំដែនដី
នគរូបនីយកម្ម និងសំណង់ ស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ
រាជធានីភ្នំពេញ តាមលិខិតលេខ ១៦០៦ សជណ.ដប ចុះថ្ងៃទី ៣០
ខែតុលា
ឆ្នាំ២០១៩
របស់ទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការប្រើប្រាស់។
អគារថ្មីសាងសង់នៅលើផ្ទៃដីទំហំ ៤,៥ ហិកតា
តួអគារមានបណ្តោយប្រវែង ១៣២,៧០ ម៉ែត្រ
ទទឹងប្រវែង ៩៤,៧០ ម៉ែត្រ កម្ពស់ដល់ចុងកំពូលបុស្បុក
៨៩ ម៉ែត្រ ស្មើ ៨ ជាន់ ក្នុងនោះបុស្បុកមានកម្ពស់ ៣៣,២៨ ម៉ែត្រ ក្រឡាផ្ទៃបាតអគារ ១១ ១២៨ ម៉ែត្រក្រឡា
ក្រឡាផ្ទៃសំណង់សរុប ៦៣ ១៣៥ ម៉ែត្រក្រឡា ក្រឡាផ្ទៃសំណង់ប្រើប្រាស់ ៣១ ៤០៨ ម៉ែត្រក្រឡា និងមានចំណតរថយន្តប្រមាណ
៤៥០ គ្រឿង។ នៅខែកក្កដា
ឆ្នាំ២០២១ អគារមន្ទីរពិសោធន៍ជាតិសំណង់ ក៏ត្រូវបានសាងសង់ក្នុងបរិវេណទីតាំងដីរបស់ទីស្តីការក្រសួង។
បច្ចុប្បន្ន ក្រសួងរៀបចំដែនដី
នគរូបនីយកម្ម និងសំណង់
មានបេសកកម្មចំបងចំនួន ៦ រួមមាន
(១).ការងារសុរិយោដី ភូមិសាស្រ្ត
និងដោះស្រាយវិវាទដីធ្លី
(២).ការងាររៀបចំដែនដី នគរូបនីយកម្ម
និងការងារគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (៣).ការងារសំណង់
និងមន្ទីរពិសោធន៍ជាតិសំណង់ (៤).ការងារលំនៅឋាន និងសម្បទានដីសង្គមកិច្ច
(៥).ការងាររៀបចំច្បាប់ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្ត និង (៦).ការងារផ្តល់សេវាសាធារណៈលើវិស័យដីធ្លី
និងសំណង់។
រចនាសម្ព័ន្ធរបស់ក្រសួងចែកចេញជាពីរថ្នាក់
គឺថ្នាក់ជាតិ
និងថ្នាក់មូលដ្ឋាន ៖
1.
រចនាសម្ព័ន្ធនៅថ្នាក់ជាតិ៖ ខុទ្ទកាល័យរដ្ឋមន្រ្តី មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
និងអគ្គាធិការដ្ឋាន មន្ទីរពិសោធន៍ជាតិសំណង់ និងអគ្គនាយកដ្ឋានជំនាញចំនួន៥
ដែលមាននាយកដ្ឋាននិងអង្គភាពប្រហាក់ប្រហែលចំណុះចំនួន ២៨ នាយកដ្ឋាន។
2.
រចនាសម្ព័ន្ធមូលដ្ឋាន៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម
សំណង់ និងសុរិយោដី នៅថ្នាក់រាជធានីខេត្តចំនួន
២៥ និងការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល នៅថ្នាក់ក្រុង ស្រុក ខណ្ឌ ចំនួន ២០៦ ។ បច្ចុប្បន្ន
ការិយាល័យរៀបចំដែនដី
នគរូបនីយកម្ម សំណង់ និងភូមិបាល
នៅថ្នាក់ក្រុង ស្រុក ខណ្ឌ
ត្រូវបានផ្ទេរទៅនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
ស្របតាមយន្តការកំណែទម្រង់។
ក្រៅពីរចនាសម្ព័ន្ធអចិន្រ្តៃយ៍ខាងលើ ក្រសួងទទួលដឹកនាំអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីគណៈកម្មការសុរិយោដី,
គណៈកម្មាធិការសម្បទានដីសង្គមកិច្ច,
គណៈកម្មាធិការរៀបចំដែនដី
និង
នគរូបនីយកម្ម,គណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា, គណៈស្ថាបត្យករកម្ពុជា និងក្រុមប្រឹក្សាជាតិបទប្បញ្ញតិ្តបច្ចេកទេសសំណង់។